សិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការពង្រឹងសមត្ថភាពការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងទិសដៅឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ ១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការពង្រឹងសមត្ថភាពការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងទិសដៅឆ្នាំ២០២៥។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងរៀបចំឡើងដើម្បីប្រមូលធាតុចូលពីអ្នកអនុវត្ត ពិសេសពីមន្ទីរផែនការរាជធានី ខេត្ត អំពីចំណុចខ្លាំង ចំណុចខ្សោយ និងការផ្តល់អនុសាសន៍នានាក្នុងការកែលម្អការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រកាន់តែប្រសើរឡើង។