ព័ត៌មានអំពីយើង
កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាឧបករណ៍ដែលមានលក្ខណៈស្តង់ដាររួមមួយ ដើម្បីកំណត់រកក្រុមគោលដៅ សម្រាប់អនុវត្តវិធានការជួយដល់ប្រជាជនក្រីក្រនៅក្នុងប្រទេស។ កម្មវិធីនេះផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាទៀងទាត់អំពីគ្រួសារក្រីក្រ និងងាយរងគ្រោះដល់ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយកំណត់គោលដៅសម្រាប់ផ្តល់សេវា និងជំនួយសង្គមនានា។
សូមថ្លែងអំណរគុណចំពោះ ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្រ្តាលី តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (ហៅកាត់ថា GIZ) ដែលបានជួយគាំទ្រទាំងថវិកា និងបច្ចេកទេសដល់ការអនុវត្តអត្តសញ្ញាណកម្មក្រីក្រនៅកម្ពុជា ចាប់តាំងពីការចាប់ផ្តើម រហូតដល់បច្ចុប្បន្ន។
គោលដៅ
គោលបំណងនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
- កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យពិតប្រាកដដោយប្រើប្រាស់នីតិវិធីរួមមួយ
- ផលិតរបាយការណ៍ និងផ្តល់ទិន្នន័យគ្រួសារក្រីក្រនិងងាយរងហានិភ័យ
និនៅតាមតំបន់
ភូមិសាស្ត្រនីមួយៗ - ផ្តល់បណ្ណសមធម៌ឱ្យគ្រួសារក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការស្វែងរកសេវាគាំពារសង្គម។
នៅពេលដែលស្ថាប័ន ឬអង្គការរបស់លោកអ្នកប្រើប្រាស់ទិន្នន័យនេះ សម្រាប់កំណត់ក្រុមគោលដៅ ដើម្បីផ្តល់សេវាកម្ម និងជំនួយដល់គ្រួសារក្រីក្រ អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននឹងកាន់តែងាយស្រួលទទួលយកការជ្រើសរើសអ្នកទទួលផលរបស់អ្នក ដោយសារតែបញ្ជីគ្រួសារក្រីក្រនិងងាយរងហានិភ័យបានទទួលការឯកភាព និងទទួលស្គាល់ពីអាជ្ញាធរឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធរួចហើយ។
សាវតារនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦។ ដើម្បីអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តអនុក្រឹត្យលេខ២៩១ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ អនុក្រឹត្យនេះបានកំណត់ពីការគ្រប់គ្រង ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ។ ផ្អែកលើអនុក្រឹិត្យនេះ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាឧបករណ៍ដែលមានលក្ខណៈស្តង់ដាររួមមួយសម្រាប់ស្ថាប័ននានាដែលចង់កំណត់គោលដៅផ្តល់សេវាសង្គមនានាដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងប្រទេស។
កាលពីមុន ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានធ្វើឡើងនៅក្នុងរាជធានី ខេត្ត ត្រឹមតែ ៨ទៅ៩ ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយទិន្នន័យគ្រួសារក្រីក្រត្រូវបានធ្វើបច្ចុប្បន្នភាពតាមជុំ រៀងរាល់៣ឆ្នាំម្តង។ ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យក្រសួងផែនការអនុវត្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាប្រចាំ និងតាមការស្នើសុំនៅទូទាំងប្រទេសនៅឆ្នាំ២០២០ ដោយផ្លាស់ប្តូរពីប្រព័ន្ធប្រើប្រាស់ក្រដាសទៅជាការ ប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រមូលព័ត៌មាន។ ទិន្នន័យគ្រួសារក្រីក្រត្រូវបានផ្តល់ជូនដល់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តាមរយៈ អេភីអាយ (API) ឬគេហទំព័រ ដើម្បីរៀបចំកិច្ចអន្តរាគមន៍នានាដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ចាប់ពីឆ្នាំ២០២២តទៅ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រត្រូវបានពង្រីកដល់ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យដែលជាគ្រួសារងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រផងដែរ។
ដំណើរការនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាវិធីកំណត់តម្លៃមធ្យមដើម្បីជំនួស (proxy mean) ដែលត្រូវបានអនុវត្តដោយក្រុមការងារឃុំ សង្កាត់ ផ្អែកតាមតម្រូវការរបស់អ្នកស្នើសុំសម្ភាសន៍ ដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងគ្រួសារដែលមានការលំបាកផ្នែកជីវភាពក្នុងការរស់នៅក្នុងកាលៈទេសៈណាមួយ។ ក្រសួងផែនការផ្តល់ការបណ្តុះបណ្តាល និងគាំទ្របច្ចេកទេសដល់មន្ទីរផែនការរាជធានី ខេត្ត និងក្រុមការងារថ្នាក់ក្រុង/ស្រុក/ខណ្ឌ។ បន្ទាប់មកពួកគាត់ផ្តល់ការបណ្តុះណ្តាល និងការគាំទ្របច្ចេកទេសបន្តដល់អ្នកអនុវត្តដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតាមឃុំ/សង្កាត់នីមួយៗ។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីដំណាក់កាលផ្សេងៗគ្នាក្នុងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅត្រង់នេះ។
គ្រួសារដែលត្រូវបានកំណត់ថាជាគ្រួសារក្រីក្រនឹងទទួលបានបណ្ណសមធម៌ ដែលអាចឱ្យពួកគាត់ប្រើប្រាស់សម្រាប់ទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ឬជំនួយសង្គមនានា។ ម៉្យាងទៀត បណ្ណសមធម៌ក៏អាចជួយដល់អ្នកផ្តល់សេវាក្នុងការផ្ទៀងផ្ទាត់ព័ត៌មានអំពីសមាជិកគ្រួសារក្រីក្រ កម្រិតភាពក្រីក្រ និងព័ត៌មានផ្សេងៗទៀតឱ្យបានឆាប់រហ័ស ដើម្បីផ្តល់សេវាដល់ពួកគាត់ផងដែរ។
បញ្ជីសំណួរ
ដើម្បីធានាឱ្យការអនុវត្តដំណើរការធ្វើឡើងដូចៗគ្នា និងគោរពតាមស្តង់ដារតែមួយនៅគ្រប់តំបន់ទូទាំងប្រទេស ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅក្នុងប្រទេសកម្ពុជាត្រូវប្រើប្រាស់បញ្ជីសំណួរស្តង់ដាររបស់ក្រសួងផែនការ។ បញ្ជីសំណួរមានសូចនាករកំណត់ពីភាពក្រីក្រដែលគេងាយស្រួលមើលឃើញ និងងាយស្រួលផ្ទៀងផ្ទាត់អំពីស្ថានភាពរបស់គ្រួសារដូចជា ទ្រព្យសម្បត្តិ ទំហំគ្រួសារ ឬស្ថានភាពអប់រំ ហើយក៏មានបញ្ចូលសូចនាករដទៃទៀតដែលពុំមានឥទ្ធិពលផ្ទាល់លើពិន្ទុគ្រួសារក្រីក្រ (ដូចជាស្ថានភាពពិសេស ជាដើម) ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់យកមកធ្វើការពិចារណា ដើម្បីផ្លាស់ប្តូរចំណាត់ថ្នាក់ភាពក្រីក្ររបស់គ្រួសារ។
ចំណាត់ថ្នាក់គ្រួសារក្រីក្រ និងក្រុមគោលដៅងាយរងគ្រោះ៖
ផ្អែកលើពិន្ទុ និងការពិចារណាលើស្ថានភាពពិសេសដែលទទួលបានពីលទ្ធផលសម្ភាសដោយប្រើប្រាស់បញ្ជីសំណួរសម្រាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងក្រុមគោលដៅងាយរងគ្រោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើចំណាត់ថ្នាក់តាមកម្រិតភាពក្រីក្រដូចខាងក្រោម៖
- ក្រកម្រិត១ (ទីទ័លក្រ)
- ក្រកម្រិត២ (ក្រីក្រ)
- ងាយរងហានិភ័យ (លើបន្ទាត់នៃភាពក្រីក្រ)
- មិនក្រ
ការដាក់ចំណាត់ថ្នាក់ទាំងនេះ ធ្វើឡើងដោយប្រើប្រាស់ពិន្ទុដែលបានពីបញ្ជីសំណួរ និងផ្អែកលើភាពងាយរងគ្រោះ និងស្ថានភាពពិសេសរបស់គ្រួសារ។
ងាយរងហានិភ័យ
គ្រួសារដែលងាយធ្លាក់ទៅក្នុងភាពក្រីក្រត្រូវបានកំណត់ដោយក្រុមការងារឃុំ សង្កាត់ តាមរយៈការប្រើប្រាស់យន្តការ និងកម្រងសំណួរដែលមានស្រាប់ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ។
គ្រួសារងាយរងហានិភ័យ គឺសំដៅលើគ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ ហើយយ៉ាងហោចណាស់គ្រួសារនោះមានភាពងាយរងគ្រោះមួយយ៉ាងតិចក្នុងចំណោមប្រាំ ដូចជា៖
- មានសមាជិកយ៉ាងតិចម្នាក់មានពិការភាព
- មានមនុស្សចាស់ជរាយ៉ាងតិចម្នាក់អាយុស្មើ ឬលើស៦០ឆ្នាំ
- មានកុមារតូចដែលមានអាយុតិចជាង២ឆ្នាំ
- គ្រួសារមានសមាជិកជាកុមារអាយុក្រោម១៨ឆ្នាំទាំងអស់ ឬ
- មេគ្រួសារជាស្ត្រី(នៅម្នាក់ឯង ឬ មេម៉ាយ)
គ្រួសារដែលត្រូវបានកំណត់ថាជាគ្រួសារងាយរងហានិភ័យដែលងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រគឺមិនទទួលបានបណ្ណសមធម៌ទេ។ ស្ថានភាពរបស់ពួកគាត់អាចមានសុពលភាពរយៈពេល៣ឆ្នាំ។