Skip to content Skip to main navigation Skip to footer

កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែងជា​បន្តបន្ទាប់​របស់រាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បីចូលរួមក្នុងការ​កាត់​បន្ថយភាព​ក្រីក្រ។ ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ជា​ឧបករណ៍​ដែល​មាន​លក្ខណៈ​ស្តង់ដាររួមមួយ​ ដើម្បី​កំណត់​រក​ក្រុម​គោលដៅ សម្រាប់​អនុវត្ត​វិធានការ​ជួយ​ដល់​ប្រជាជន​ក្រីក្រនៅក្នុងប្រទេស។ កម្មវិធី​នេះផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​ជាទៀងទាត់​អំពី​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះដល់​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​ជួយ​កំណត់​គោលដៅ​សម្រាប់​ផ្តល់​សេវា និង​ជំនួយសង្គមនានា។​​

សូម​ថ្លែង​អំណរគុណ​ចំពោះ​ ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ (BMZ) ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​របស់​អូស្រ្តាលី តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ (ហៅកាត់​ថា GIZ) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ដែលបានជួយគាំទ្រទាំងថវិកា និងបច្ចេកទេសដល់ការអនុវត្តអត្តសញ្ញាណកម្មក្រីក្រនៅកម្ពុជា ចាប់តាំងពីការចាប់ផ្តើម រហូតដល់បច្ចុប្បន្ន។

គោលដៅ

គោលបំណង​នៃ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ

  • កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យពិតប្រាកដ​ដោយប្រើប្រាស់​នីតិវិធីរួម​មួយ
  • ផលិត​របាយការណ៍ និង​ផ្តល់​ទិន្នន័យ​គ្រួសារ​ក្រីក្រនិងងាយរងហានិភ័យ​និនៅតាម​តំបន់​
    ភូមិសាស្ត្រ​នីមួយៗ
  • ផ្តល់​បណ្ណ​សមធម៌​ឱ្យ​គ្រួសារ​ក្រីក្រ ​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការស្វែងរក​សេវា​គាំពារសង្គម​។

នៅពេល​ដែល​ស្ថាប័ន ឬ​អង្គការ​របស់​លោក​អ្នក​ប្រើប្រាស់​ទិន្នន័យ​នេះ សម្រាប់​កំណត់​ក្រុម​គោលដៅ ដើម្បី​ផ្តល់​សេវាកម្ម និង​ជំនួយ​ដល់​គ្រួសារ​ក្រីក្រ អាជ្ញាធរ និង​ប្រជាពល​រដ្ឋ​នៅតាម​មូលដ្ឋាន​នឹង​កាន់តែ​ងាយស្រួល​ទទួល​យក​ការ​ជ្រើសរើស​អ្នក​ទទួលផល​របស់​អ្នក​ ដោយសារតែ​បញ្ជី​គ្រួសារ​ក្រីក្រនិងងាយរងហានិភ័យបាន​ទទួលការ​ឯកភាព និង​ទទួល​ស្គាល់​ពី​អាជ្ញាធរឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធរួចហើយ។

សាវតារនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រនៃ​ក្រសួង​ផែនការ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦។ ដើម្បីអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន​អនុម័ត​អនុក្រឹត្យ​លេខ​២៩១ អនក្រ.បក ចុះ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១ ស្តីពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។ អនុក្រឹត្យ​នេះបានកំណត់​ពី​ការគ្រប់គ្រង ការ​អនុវត្តអត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ការប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​។ ផ្អែកលើអនុក្រឹិត្យនេះ ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ជា​ឧបករណ៍​ដែល​មាន​លក្ខណៈ​ស្តង់ដាររួមមួយសម្រាប់ស្ថាប័ននានាដែលចង់កំណត់គោលដៅផ្តល់សេវាសង្គមនានាដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងប្រទេស។

កាលពីមុន ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានធ្វើឡើងនៅក្នុងរាជធានី ខេត្ត ត្រឹមតែ ៨ទៅ៩ ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយទិន្នន័យគ្រួសារក្រីក្រត្រូវបានធ្វើបច្ចុប្បន្នភាពតាមជុំ រៀងរាល់៣ឆ្នាំម្តង។ ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យក្រសួងផែនការអនុវត្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាប្រចាំ និងតាមការស្នើសុំនៅទូទាំងប្រទេសនៅឆ្នាំ២០២០ ដោយផ្លាស់ប្តូរពីប្រព័ន្ធប្រើប្រាស់ក្រដាសទៅជាការ ប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រមូលព័ត៌មាន។ ទិន្នន័យគ្រួសារក្រីក្រត្រូវបានផ្តល់ជូនដល់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តាមរយៈ អេភីអាយ (API)  ឬគេហទំព័រ ដើម្បីរៀបចំកិច្ចអន្តរាគមន៍នានាដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ចាប់ពីឆ្នាំ២០២២តទៅ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រត្រូវបានពង្រីកដល់ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យដែលជាគ្រួសារងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រផងដែរ។    

ដំណើរការនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ គឺជា​វិធីកំណត់តម្លៃមធ្យមដើម្បីជំនួស​ (proxy mean) ដែលត្រូវបានអនុវត្តដោយក្រុមការងារឃុំ សង្កាត់ ផ្អែកតាមតម្រូវការរបស់អ្នកស្នើសុំសម្ភាសន៍ ដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងគ្រួសារដែលមានការលំបាកផ្នែកជីវភាពក្នុងការរស់នៅក្នុងកាលៈទេសៈណាមួយ។ ក្រសួង​ផែនការផ្តល់ការបណ្តុះបណ្តាល និងគាំទ្របច្ចេកទេសដល់​មន្ទីរ​ផែនការរាជធានី ខេត្ត និងក្រុមការងារ​ថ្នាក់​ក្រុង/​ស្រុក/​ខណ្ឌ។ បន្ទាប់មកពួកគាត់ផ្តល់​ការបណ្តុះណ្តាល និង​ការគាំទ្រ​បច្ចេកទេសបន្ត​ដល់​អ្នក​អនុវត្ត​ដំណើរការ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅតាមឃុំ/​សង្កាត់​នីមួយៗ​។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីដំណាក់កាលផ្សេងៗគ្នាក្នុងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅត្រង់នេះ។

IDPoor Procedure image

គ្រួសារដែលត្រូវបានកំណត់ថាជាគ្រួសារក្រីក្រនឹងទទួលបានបណ្ណសមធម៌ ដែលអាចឱ្យពួកគាត់ប្រើប្រាស់សម្រាប់ទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ឬជំនួយសង្គមនានា។ ម៉្យាងទៀត បណ្ណសមធម៌ក៏អាចជួយដល់អ្នកផ្តល់សេវាក្នុងការផ្ទៀងផ្ទាត់ព័ត៌មានអំពីសមាជិកគ្រួសារក្រីក្រ កម្រិតភាពក្រីក្រ និងព័ត៌មានផ្សេងៗទៀតឱ្យបានឆាប់រហ័ស ដើម្បីផ្តល់សេវាដល់ពួកគាត់ផងដែរ។​

បញ្ជីសំណួរ

ដើម្បី​ធានា​​ឱ្យ​ការអនុវត្ត​ដំណើរការ​ធ្វើឡើង​ដូចៗគ្នា និង​គោរព​តាម​ស្តង់ដារ​តែមួយ​នៅ​គ្រប់​តំបន់​​ទូទាំង​ប្រទេស​ ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រនៅក្នុងប្រទេសកម្ពុជាត្រូវ​ប្រើប្រាស់​បញ្ជី​សំណួរ​ស្តង់ដារ​របស់​ក្រសួង​ផែនការ​។ បញ្ជី​សំណួរមាន​សូចនាករ​កំណត់​ពី​ភាព​ក្រីក្រដែល​គេ​ងាយស្រួល​មើល​ឃើញ និង​ងាយស្រួល​ផ្ទៀងផ្ទាត់អំពីស្ថានភាពរបស់គ្រួសារដូចជា ទ្រព្យសម្បត្តិ ទំហំគ្រួសារ ឬស្ថានភាពអប់រំ ហើយ​ក៏មាន​បញ្ចូល​សូចនាករ​ដទៃទៀតដែល​ពុំ​មាន​ឥទ្ធិពល​ផ្ទាល់​លើ​ពិន្ទុ​គ្រួសារក្រីក្រ (ដូចជា​ស្ថានភាព​ពិសេស ជាដើម) ដែល​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​យកមក​ធ្វើការ​ពិចារណា ​ដើម្បី​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់​ភាព​ក្រីក្រ​របស់​គ្រួសារ​។

ចំណាត់ថ្នាក់គ្រួសារក្រីក្រ និងក្រុមគោលដៅងាយរងគ្រោះ

ផ្អែកលើ​ពិន្ទុ និង​ការពិចារណា​លើ​ស្ថានភាព​ពិសេស​ដែល​ទទួលបានពី​លទ្ធផល​សម្ភាស​ដោយ​ប្រើប្រាស់​បញ្ជី​សំណួរ​សម្រាប់​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ និង​ក្រុម​គោលដៅ​ងាយរងគ្រោះ ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​ធ្វើចំណាត់ថ្នាក់​តាមកម្រិតភាពក្រីក្រ​ដូចខាងក្រោម​៖

  • ក្រកម្រិត១ (ទីទ័លក្រ)
  • ក្រកម្រិត២ (ក្រីក្រ)
  • ងាយរងហានិភ័យ (លើបន្ទាត់នៃភាពក្រីក្រ)
  • មិនក្រ

ការដាក់​ចំណាត់ថ្នាក់​ទាំងនេះ ធ្វើឡើង​ដោយ​ប្រើប្រាស់​ពិន្ទុ​ដែល​បាន​ពី​បញ្ជី​សំណួរ និង​ផ្អែកលើ​ភាពងាយរងគ្រោះ និងស្ថានភាព​ពិសេស​របស់​គ្រួសារ​។

ងាយរងហានិភ័យ

គ្រួសារដែលងាយធ្លាក់ទៅក្នុងភាពក្រីក្រត្រូវបានកំណត់ដោយក្រុមការងារឃុំ សង្កាត់ តាមរយៈការប្រើប្រាស់យន្តការ និងកម្រងសំណួរដែលមានស្រាប់ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ។ 

គ្រួសារងាយរងហានិភ័យ គឺសំដៅលើគ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ ហើយ​យ៉ាងហោចណាស់គ្រួសារនោះមានភាពងាយរងគ្រោះមួយយ៉ាងតិចក្នុងចំណោមប្រាំ ដូចជា៖

  • ​មានសមាជិកយ៉ាងតិចម្នាក់មានពិការភាព ​
  • មានមនុស្សចាស់ជរាយ៉ាងតិចម្នាក់​អាយុស្មើ ឬលើស៦០ឆ្នាំ
  • មាន​កុមារតូច​ដែលមានអាយុតិចជាង២ឆ្នាំ
  • គ្រួសារមានសមាជិកជាកុមារអាយុក្រោម១៨ឆ្នាំទាំងអស់ ឬ
  • មេគ្រួសារជាស្ត្រី(នៅម្នាក់ឯង ឬ មេម៉ាយ)​

គ្រួសារដែលត្រូវបានកំណត់ថាជាគ្រួសារងាយរងហានិភ័យដែលងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រគឺមិនទទួលបានបណ្ណសមធម៌ទេ។ ស្ថានភាពរបស់ពួកគាត់អាចមានសុពលភាពរយៈពេល៣ឆ្នាំ។